គណបក្ស​ប្រជាជន​ពង្រីក​សមាជិកភាព​លើ​ក្រុម​យុវជន​ដែល​មាន​គុណភាព

Wednesday, 21 July 2010

គណបក្ស​ប្រជាជន​កម្ពុជា​កាន់​អំណាច​កំពុង​រៀបចំ​សន្និបាត​គណកម្មធិការ​ កណ្តាល​រយៈពេល​២​ថ្ងៃ​នៅ​ទីស្នាក់ការ​កណ្តាល​របស់​ខ្លួន​ដើម្បី​ពិនិត្យ​ វាយតម្លៃ​សភាពការណ៍​ទូទៅ និង​ការងារ​គណបក្ស។ ជា​ការងារ​បក្ស​ក្នុង​ឆ្នាំ​២០០៩ និង​ការ​លើក​យុទ្ធសាស្ត្រ​សម្រាប់​ឆ្នាំ​២០១០ និង​២០១១។ ក្រៅ​ពី​ពិនិត្យ​ការងារ​គណបក្ស ប្រធានបទ​សំខាន់ៗ​ផ្សេងទៀត​ទាក់ទងនឹង​សន្តិសុខ​សង្គម ក៏​ត្រូវ​គណបក្ស​កាន់​អំណាច​មួយ​នេះ​លើក​យក​មក​ពិភាក្សា​ផងដែរ។
សន្និបាត​គណកម្មាធិការ​កណ្តាល​លើក​ទី​៣៥​អាណត្តិ​ទី​៥​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចាប់ផ្តើម​ប្រព្រឹត្ត​ទៅ កាលពី​ព្រឹក​ថ្ងៃ​ទី​២១​កក្កដា​នេះ​សម្រាប់​រយៈពេល​២​ថ្ងៃ។ អ្នក​ចូលរួម​ដែល​ជា​សមាជិក​ជាន់ខ្ពស់​នោះ មាន​ប្រហែល​៩០០​នាក់។

ប្រធានបទ​រួម​នៃ​សន្និបាត​នេះ​គឺ ការ​ពិនិត្យ​សភាពការណ៍​ទូទៅ និង​ការងារ​របស់​គណបក្ស​ឆ្នាំ​២០០៩ និង​ការ​លើក​ទិសដៅ​យុទ្ធសាស្ត្រ​សម្រាប់​ឆ្នាំ​២០១០​និង​២០១១។ ប៉ុន្តែ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ខៀវ កាញារីទ្ធ​ដែល​ជា​អ្នកនាំពាក្យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា មាន​បញ្ហា​មួយ​ចំនួន​ដែល​សន្និបាត​ត្រូវ​លើក​យក​មក​ពិភាក្សា។ ទាក់ទងនឹង​កិច្ចការ​សង្គម សន្និបាត​បាន​ពិភាក្សា​ជារួម​អំពី​ស្ថិរភាព​នយោបាយ ស្ថេរភាព​សេដ្ឋកិច្ច និង​សង្គម។ ហើយ​បើ​និយាយ​អំពី​ការងារ​គណបក្ស​វិញ លោក​ខៀវ កាញារីទ្ធ​បា​ន​អះអាង​ថា សន្និបាត​បាន​ពិភាក្សា​អំពី​ការ​ពង្រីក​សមាជិក​របស់​គណបក្ស។

តាម​ពិត​ការ​ពង្រីក​ចំនួន​សមាជិកភាព​របស់​គណបក្ស​នោះ វា​ជា​រឿង​ធម្មតា​ទេ ដែល​គណបក្ស​ណា​ក៏​ធ្វើ​ដូចគ្នា។ ប៉ុន្តែ​បើ​តាម​ការបញ្ជាក់​របស់​អ្នកនាំពាក្យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​គឺថា ខ្លឹមសារ​នៃ​ការពិភាក្សា​លើ​ការពង្រីក​សមាជិកភាព​របស់​បក្ស​នេះ គឺ​គណបក្ស​ប្រជាជន​នឹង​ផ្តោត​ជាពិសេស​ទៅ​ការស្រូប​យក​ក្រុម​យុវជន ពិសេស​យុវនារី​ដោយ​ដាក់​អាទិភាព​ទៅ​លើ​គុណភាព​របស់​យុវជន និង​យុវនារី​ទាំងនោះ។ ចំនុច​នេះ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ក៏​តែងតែ​បាន​លើក​យក​មក​និយាយ​ជា​សាធារណៈ​កន្លង​មក​ដែរ។

លោកខៀវ កាញារីទ្ធ​ក៏​បាន​ប្រាប់​អោយ​ដឹង​ថា សន្និបាត​ក៏​លើក​យក​បញ្ហា​ព្រះវិហារ និង​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​ថៃ​មក​ពិភាក្សា​ផង​ដែរ។ លោក​បញ្ជាក់​ថា ទាក់ទងនឹង​សំណុំរឿង​ប្រាសាទ​ព្រះវិហារ សន្និបាត​បាន​យល់ស្រប​រួមគ្នា​ថា រដ្ឋាភិបាល​ក្រុង​បាងកក​ចង់​បង្វែរភាព​តានតឹង​ផ្នែក​នយោបាយ​ផ្ទៃក្នុង​របស់​ខ្លួន​មក​ជា​បញ្ហា​ព្រំដែន។ ហើយ​ថា បញ្ហា​នេះ​គឺ​រដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ ត្រូវ​តែ​ប្រុងប្រយ័ត្ន និង​ចៀសវាង​កុំ​អោយ​ធ្លាក់​ចូល​ក្នុង​អន្ទាក់​នេះ។

និយាយ​ពី​បញ្ហា​ប្រាសាទ​ព្រះវិហារ លោក​ឧបនាយក​រដ្ឋមន្ត្រី​សុខ អានបាន​ដឹកនាំ​គណប្រតិភូ​កម្ពុជា​ដើម្បី​ចូលរួម​ក្នុងកិច្ច​ប្រជុំ​គណកម្មាការ​បេតិកភណ្ឌ​ពិភពលោក​នៅ​ប្រទេស​ប្រស៊ីល។ ហើយ​សម្រាប់​កិច្ចប្រជុំ​នោះ កម្ពុជា​នឹង​បង្ហាញ​ពីគម្រោង និង​ផែនការ​អភិរក្ស និង​អភិវឌ្ឍ​តំបន់​បេតិកភណ្ឌ​ប្រាសាទ​ព្រះវិហារ​នេះ។ គេ​ជឿ​ថា រដ្ឋាភិបាល​ថៃ​នឹង​បញ្ជូន​មន្ត្រី​របស់​ខ្លួន​ដើម្បី​ព្យាយាម​រារាំង រំខាន​កម្ពុជា​ទៀត​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ៕

0 comments:

    លិខិត​ឆ្លង​ដែង​កម្ពុជា
    (រូបថត: អៀង សុខម៉ិញ RFI)
    ចាប់​ពី​ពេល​នេះ​ទៅ​ពលករ​និង​ពលការនី​ខ្មែរ​ដែល​ត្រូវ​ជ្រើស រើស​ឲ្យ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​នោះ​នឹង​ត្រូវ​ចំណាយ​ថវិកា​តែ​២៤​ដុល្លារ​តែ​ប៉ុណ្ណោះ​ដើម្បី​ធ្វើ​លិខិត​ឆ្លង​ដែន។ ពីព្រោះ​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​លោក​ហ៊ុន​សែន​បាន​ប្រកាស​ជា​សាធារណៈ​នៅ​ថ្ងៃ​នេះ​ថា​រដ្ឋាភិបាល និង​ទទួល​បន្ទុក​ជួយ​បង់​ថ្លៃ​ចំនួន​១០០​ដុល្លារ​សម្រាប់​ពលករ​និង​ពលការនី​ម្នាក់ៗ។​សេចក្តី​សម្រេច​នេះ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ម្សិល​មិញ​ហើយ​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី​ខ្លួន​ឯង​ប្រកាស​នៅ​ក្នុង​វេទិកា​រាជ​រដ្ឋាភិបាល​និង​វិស័យ​ឯកជន​លើក​ទី​១៤​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​២១​ខែ​វិច្ឆិកា​នេះ។ ការ​សម្រេច​នេះ​ទៀត​ក៏​ត្រូវ​ធ្វើ​ឡើង​បន្ទាប់​ពី​តំណាង​ក្រុមហ៊ុន​ឯកជន​ដែល​ជា​អ្នក​នាំ​ពលករ​ខ្មែរ​ទៅ​ធ្វើការ​នៅ​បរទេស​បាន​ស្នើរ​សុំ​ទៅ​រដ្ឋាភិបាល​កាល​ពី​ដើម​ឆ្នាំ​មក​ម្លេះ។ លោក​ណាង​សុធី​តំណាង​វិស័យ​ឯកជន​ក្រុម​ទី​៨​ដែល​ទទួល​បន្ទុក​លើ​វិស័យ​នាំ​ពលករ​ទៅ​ក្រៅ​ប្រទេស​ដែរ​នោះ​បាន​ពន្យល់​ឲ្យ​ដឹង​ថា​ការ​សម្រួល​របស់​រដ្ឋាភិបាល​ក្នុង​ការ​ផ្តល់​លិខិត​ឆ្លង​ដែន​ដល់​ពលករ​និង​ពលការនី​ខ្មែរ​គឺ​ជា​ការ​ជួយ​ពួក​គេ​ក្នុង​ការ​រក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស។ លោក​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​រដ្ឋ​ទទួល​បន្ទុក​តែ​លើ​អាករ​ដែល​ស្មើ​នឹង​១០០​ដុល្លារ​តែ​ប៉ុណ្ណោះ​​ក៏​ប៉ុន្តែ​ពលករ​ត្រូវ​ទទួល​បន្ទុក​បង់​ថ្លៃ​ខ្លួន​ឯង​លើ​បន្ទះ​ឈីប​chip​អេឡិចត្រូនិក​ដែល​គេ​ដាក់​ភ្ជាប់​នៅ​លើ​លិខិត​ឆ្លងដែន​ចំនួន​២០​ដុល្លារ​និង​លើ​ការ​ថតរូប​ក្នុង​តម្លៃ​៤​ដុល្លារ។ អនុក្រិត​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​ហ៊ុន​សែន​បាន​តម្រូវ​ឲ្យ​ការិយាល័យ​លិខិត​ឆ្លង​ដែន​ផ្តល់​លិខិត​ឆ្លង​ដែន​ដល់​ពលករ​ក្នុង​រយៈ​ពេល​២០​ថ្ងៃ​រាប់​ក្នុង​ថ្ងៃ​ធ្វើការ​ចាប់​ពី​ថ្ងៃ​ដាក់​ពាក្យ​សុំ។ សព្វ​ថ្ងៃ​រដ្ឋាភិបាល​បាន​កំពុង​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​កើន​ឡើង​ការ​នាំ​ពលករ​ចេញ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ដែល​នេះ​គឺ​ជា​ប្រភព​ចំនូល​មួយ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ហើយ​ម្យ៉ាង​ទៀត​ពលករ​ខ្មែរ​ក៏​អាច​រៀន​ចេះ​ជំនាញ​ខ្លះ​ទៀត​ដែរ​មុន​នឹង​ពួក​គេ​ត្រឡប់​មក​ស្រុក​កំនើត​វិញ។ យោង​តាម​របាយ​ការណ៍​របស់​ក្រសួង​ការងារ​ក្នុង​ឆ្នាំ​២០០៧​មាន​ពលករ​ខ្មែរ​១០៦៧០​នាក់​បាន​ចេញ​ទៅ​ធ្វើការ​នៅ​ប្រទេស​មាឡេស៊ី​៦១០០​នាក់​បាន​ចេញ​ទៅ​ប្រទេស​ថៃ​ដោយ​ស្រប​ច្បាប់​និង​១៨​ម៉ឺន​នាក់​មិន​ស្រប​ច្បាប់ ហើយ​នៅ​មាន​ពលករ​ខ្មែរ​ប្រមាណ​៤០០០​នាក់​ផ្សេង​ទៀត​បាន​ចាក​ចេញ​ទៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង៕
    សូម​ចុច​ខាង​ក្រោម​នេះ​ដើម្បី​ស្តាប់​បទ​រាយការណ៍​របស់​លាង ដឺលុច្ស ពី​ទីក្រុង​ភ្នំពេញ